ភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ យោងតាម បុព្វបុរសយើងបានមកតាំងទីលំនៅនៅទីនេះក្នុងជំនាន់លោកតាទួតរបស់ខ្ញុំ គឺនៅ ទសវត្សដំបូងនៃសតវត្សទី២០ មានន័យថា មុនសង្គ្រាមលោកលើកទី១ទៅទៀត ។
មូលហេតុហៅថា ភូមិថ្មី គឺមកពីនៅភាគខាងកើត(ម្តុំតារាងបាល់ទាត់) គេបានមកតាំងទីលំនៅមុន ហើយក្រោយមកក៏មានការមកតាំងទីលំនៅនៅខាងលិចភូមិចាស់នោះ ពេលនោះក៏មានការហៅថា ភូមិចាស់ និង ភូមិថ្មី ។ ដោយតម្រូវឲ្យចុះបញ្ជីរដ្ឋបាលតែមួយ គេក៏ជ្រើសរើសយកឈ្មោះថា ភូមិថ្មី ព្រោះនៅភាគខាងលិចមានប្រជាជនរស់នៅច្រើនជាង ហើយគេស្គាល់ជាទូទៅ រីឯភូមិចាស់គេមិនសូវហៅនិងមិនសូវស្គាល់ ។
ភូមិថ្មីមានទីតាំងស្ថិតនៅចំងាយប្រហែល១គីឡូម៉ែត្រខាងជើងផ្សារស្ទឹង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧និងជាទីប្រជុំជននៃស្រុកពញាក្រែក ។
ក្នុងភូមិមានផ្លូវខ្វាត់ខ្វែងគ្នា ហើយមានផ្លូវកៅស៊ូឆ្លងកាត់ភូមិចំនួន២ខ្សែរកសាងក្នុងឆ្នាំ២០១២ ។ សាលាឃុំពពេល និង ប៉ុស្តិ៍នគរបាលរដ្ឋបាលពពេលស្ថិតនៅក្នុងមូលដ្ឋានភូមិថ្មី ។ ក្នុងភូមិថ្មីមិនមានសាលារៀនរដ្ឋនោះទេ មានតែសាលាមត្តេយ្យសហគមន៍ប៉ុណ្ណោះ ។ ប្រជាពលរដ្ឋក្នុងភូមិបានទទួលសេវាកម្មអគ្គិសនីកម្ពុជាសាខាខេត្តកំពង់ចាមតាំងពីឆ្នាំ២០០០ តែមិនទាន់មានទឹកស្អាតប្រើប្រាស់ទេ ។ ប្រជាពលរដ្ឋទាំងអស់ប្រើអណ្តូងស្នប់ ឬ បូមដោយម៉ូទ័រ ។ អណ្តូងខ្លះធ្វើដោយខ្លួនឯង និងខ្លះទៀតអង្គការ-សមាគមជាអ្នកធ្វើឲ្យ ។
ដោយមានការសាមគ្គីគ្នារបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ និង មានជំនួយឧបត្ថម្ភពីសប្បុរសជន អង្គការ-សមាគមជាតិនិងអន្តរជាតិ ភូមិថ្មីបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឥស្លាមជាច្រើន ដូចជា វិហារឥស្លាម១ ស៊ូរ៉ាវចំនួន៤ សាលារៀនឥស្លាមចំនួន៣កន្លែងសរុបចំនួន ១៤ បន្ទប់ (កំពុងដំណើរការបង្រៀនចំនួន២សាលា ត្រូវជា៨បន្ទប់) មានទីលានបញ្ចុះសពចំនួន៥កន្លែងសរុបទាំងអស់មានទំហំ ១,៥ហ.ត និងមានទីលានបាល់ទាត់មួយសម្រាប់ប្អូនៗយុវជនលេងពេលទំនេរ ជៀសវាងទៅប្រព្រឹត្តិអំពើអបាយមុខផ្សេងៗ ។
ក្រៅពីចំណូលបានពីការបរិច្ចាគរបស់ប្រជាពលរដ្ឋក្នុងភូមិ និងសប្បុរសជនខ្លះ គណៈកម្មាការអុីមាំម៉ាស្ជិទភូមិថ្មី មានចំណូលពីការប្រមូលផលជ័រកៅស៊ូពីចំការសហគមន៍(ចំការម៉ាល) ដែលមានទំហំ ១,៨០ហ.ត ។ ក្រៅពីនេះនៅមានចំណូលប្រចាំខែពីការជួលផ្ទះសហគមន៍(ផ្ទះម៉ាល) សម្រាប់ប្រកបអាជីវកម្មចំនួន៤ផ្ទះ ។ ចំណូលទាំងអស់នេះសម្រាប់ចំណាយប្រចាំថ្ងៃ ប្រចាំខែក្នុងវិហារ និង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឥស្លាមក្នុងភូមិ ។
ភូមិថ្មីមានប្រជាពលរដ្ឋរស់នៅចំនួន ៤៥៦គ្រួសារ មានប្រជាជនសរុបប្រែប្រួលក្នុងចំនួន ១៩០០នាក់ មានការគ្រប់គ្រងជាពីរផ្នែក គឺការគ្រប់គ្រងផ្នែករដ្ឋបាល និង ការគ្រប់គ្រងផ្នែកសាសនាឥស្លាម ។
* ការគ្រប់គ្រងផ្នែករដ្ឋបាល:
១- លោក សុះ ផ្លយ មេភូមិ២- លោក ម៉ាន កុំរី អនុមេភូមិ
៣- លោក សាន់ ហ្សះរី សមាជិក
* ការគ្រប់គ្រងផ្នែកសាសនាឥស្លាម:
១- លោក ហូសេន ពិនរសាត ជាអុីមាំម៉ាស្ជិទ២- លោក អុីត លី ជាភូឈួយទី១
៣- លោក មុីត លី ជាភូឈួយទី២
៤- លោក យ៉េប ស្មាន ជាលេខាធិការគណៈកម្មាការអុីមាំម៉ាស្ជិទ
៥- លោក មូសា ស្លេម៉ាន ជាឃោសនិក
៦- មេជុំអះ(មេក្រុម) និងអនុមេជុំអះ សរុបទាំងអស់ចំនួន១២រូប គ្រប់គ្រងជុំអះទាំង៦ ដោយ១ជុំអះមាន២រូប ។
៧- គ្រូបង្រៀនខ្មែរឥស្លាមក្រមខ័ណ្ឌមន្រ្តីរាជការចំនួន១១រូប ។
យោងតាមការសាកសួរប្រជាពលរដ្ឋ និង ការបញ្ជាក់របស់លោកមេភូមិ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋក្នុងភូមិថ្មី គឺ ដើម្បីបង្ហូរទឹកចេញក្រៅភូមិ ព្រោះពេលមានភ្លៀងម្តងៗ មានផ្ទះខ្លះទឹកហូរចូលក្រោមផ្ទះ ផ្ទះខ្លះទឹកហូរចូលក្នុងផ្ទះ និងផ្ទះខ្លះទៀតទឹកជ្រាបចេញពីក្រោមដីតែម្តង ។ ដោយមិនអាចទ្រាំនឹងការលំបាកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចបានចំណាយថវិកាផ្ទាល់ធ្វើលូ ដើម្បីរំដោះទឹកកុំឲ្យលិចផ្ទះ ក៏ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនមិនមានលទ្ធភាពធ្វើនោះទេ ។