ថវិកាសម្រាប់ទិញគោគួរពានចំនួន ២៩១ក្បាល និងពពែរាប់សិបក្បាល ត្រូវបានប្រគល់ជូនគណៈអុីម៉ាំម៉ាស្ជិទទូទាំងខេត្តត្បូងឃ្មុំ
--------
ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅវិហារឥស្លាមភូមិពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លោក ម៉ូត យូសុះ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ដែលនឹងត្រូវស្បថចូលកាន់តំណែងនាពេលដ៏ខ្លីខាងមុខ សម្រាប់នីតិកាលទី៦ នៃមណ្ឌលត្បូងឃ្មុំ និងជាអុីុម៉ាំខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់លោកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានអញ្ជើញចូលរួមសំណេះសំណាលជាមួយគណៈអុីម៉ាំស្រុក និងគណៈអុីម៉ាំម៉ាស្ជិទទូទាំងខេត្តត្បូងឃ្មុំ និងបានចែកថវិកាទិញគោ និងពពែសម្រាប់ធ្វើគួរពានជូនបងប្អូនសាសនិកឥស្លាមចំណុះម៉ាស្ជិទទូទាំងខេត្តត្បូងឃ្មុំតាមរយៈគណៈអុីម៉ាំម៉ាស្ជិទទាំងអស់ ដែលបានចូលរួម ។
ថវិកាសម្រាប់ទិញគោក្នុង១ក្បាលតម្លៃ៤០០ដុល្លារ សរុបទាំងអស់ចំនួន ២៩១ក្បាល និងថវិកាទិញពពែក្នុង១ក្បាលតម្លៃ១១៥ដុល្លារសរុបទាំងអស់មានរាប់សិបក្បាល ដែលបានចែកជូននៅក្នុងឱកាសនេះ ទទួលបានពីសប្បុរសជននៃប្រទេសម៉ាឡេសុី តាមរយៈ Al-Ameen Service Holding Sdn. Bhd. នៃប្រទសម៉ាឡេសុី សហការជាមួយនឹងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងចាត់ចែងបែងចែកដោយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ។
សូមបញ្ជាក់ថា បុណ្យរ៉យ៉ាគួរពាន ឬបុណ្យរ៉យ៉ាហាជ្ជី ជាបុណ្យប្រចាំឆ្នាំទី២របស់សាសនាឥស្លាម បន្ទាប់ពីបុណ្យរ៉យ៉ាហ្វិតត្រះ ដែលជាបុណ្យឆ្លងបួសនៃខែរ៉ម៉ាឌន ។ បុណ្យនេះត្រូវប្រារព្ធធ្វើចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែហ្សិលហិជ្ជះ ឆ្នាំ១៤៣៩ម.ស បើយោងតាមសេចក្ដីជូនដំណឹងរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា កាលពីថ្ងៃទី១៣ កន្លងទៅថ្មីៗនេះ ។
No comments:
Post a Comment